Image Not Found!
ហាត់យោហ្គាដើម្បីសុខភាពល្អ និងសនិ្តភាពផ្លូវចិត្ត

គ្រូបង្ហាត់

 

តួនាទី៖

លោក យាន់ វណ្ណៈ មិនត្រឹមតែជាគ្រូយោគៈដំបូងគេទេ គាត់ថែមទាំងជាបុគ្គលិកនៅក្រមាយោគៈផងដែរ។ គួរបញ្ជាក់ផងដែរថា​ ក្រមាយោគៈគឺជាសាលាយោគៈដំបូងគេនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤។

វណ្ណៈមានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយលោកមកពីគ្រួសារក្រីក្រមួយ ដែលធ្វើឲ្យលោកត្រូវប្រឹងប្រែងធ្វើការដើម្បីការសិក្សា។​ ដោយភាពខ្វះខាតគុណភាពសិក្សានៅខេត្ត លោកបានមកនៅភ្នំពេញ ក្នុងគោលបំណងបន្តការសិក្សា។ ប៉ុន្តែ ដោយជីវភាពមានភាពខ្វះខាត លោកត្រូវធ្វើការរកម្រៃ ដូច្នេះ លោកបានស្គាល់យោគៈតាមរយៈកន្លែងធ្វើការរបស់លោក។

ក្នុងឆ្នាំ២០០៤ វណ្ណៈបានចាប់ផ្ដើមធ្វើការនៅស្ទូឌីយ៉ូយោគៈ ក្នុងឋានៈជារដ្ឋបាល។​ មិនយូរប៉ុន្មាន លោកបានចាប់អារម្មណ៍នឹងយោគៈ ហើយបានចាប់ផ្ដើមហាត់យោគៈ ដោយយោគៈបានផ្ដល់នូវសុភមង្គល សុខភាព ដល់លោក​ ក៏ដូចជាអ្នកឯទៀត។

វណ្ណៈបានចាប់ផ្ដើមហ្វឹកហាត់ជាមួយ អ៊ីសាប៊ែល ស្កាប៊ឺស្គីស (Isabelle Skaburskis) និងទទួលបានសញ្ញាបត្រ RYT ជាលើកដំបូងពី Knoff យោហ្កា ប្រទេសអូស្ដ្រាលី នាឆ្នាំ២០០៨។ បន្ទាប់មក ក្នុងឆ្នាំ២០០៩ លោក​បានទទួលសញ្ញាបត្រការព្យាបាល​តាមរយៈយោគៈ និងបានបញ្ចប់ថ្នាក់គុនដាលីនីកម្រិតមួយ។ លោកបានចូលបង្រៀនថ្នាក់ជាច្រើននៅអង្គការក្រមាយោគៈអស់រយៈពេលជាច្រើនឆ្នាំ។

លោកបង្រៀនថ្នាក់យោគៈ ដោយរួមបញ្ចូលនូវក្បាច់ជាច្រើន ដែលអាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាព និងសម្រស់សិស្សដែលហាត់ជាមួយលោក។ រាល់ក្បាច់ដែលលោកបញ្ចូលសុទ្ធតែមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាសុខភាពមួយចំនួន រួមមាន បញ្ហាចង្កះ ស្មា និងបញ្ហាផ្លូវចិត្ត ដូចជា ស្ដ្រេស(ការថុញថប់ក្នុងអារម្មណ៍) ជាដើម។


គីមលី មកពីគ្រួសារកសិករ នៅខេត្តកំពង់ចាម។ លោកបានបួសជានេនអស់រយៈពេល១៣ឆ្នាំ។ គាត់រៀន Dhamma រយៈពេលមួយឆ្នាំ មុនក្លាយខ្លួនជាសង្ឃ នៅអាយុ១៤ឆ្នាំ។ គាត់ចំណាយពេលជាច្រើនឆ្នាំ ដើម្បីសិក្សាភាសាបាលីនិងការបង្រៀនក្នុងពុទ្ធសាសនា។ គាត់ទទួលបានសញ្ញាបត្រផ្នែកភាសាបាលីពីវិទ្យាល័យព្រះសុរាម្រិត។ ម្យ៉ាងទៀត គាត់បានបញ្ចប់ការសិក្សាផ្នែកអក្សរសាស្ដ្រអង់គ្លេសក្នុងឆ្នាំ២០១១ ពី សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងផ្នែកច្បាប់ក្នុងឆ្នាំ២០១៤ ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ បច្ចុប្បន្ន គាត់កំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស នៅពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ ក្នុងអាយុ២៨ឆ្នាំ គាត់បានសឹក ដើម្បីការសិក្សា និងការទំនុកបំរុងគ្រួសារ។

មុននឹងចាកចេញពីជីវិតជាសង្ឃ គីមលីបានជួបស្ថាបនិកនៃក្រមាយោគៈ នៅសាលាក្ដីខ្មែរក្រហម ដែលជាទីកន្លែងស្ថាបនិករូបនោះបង្ហាត់ទៅកាន់បុគ្គលិកក្នុងអំឡុងពេលអាហារថ្ងៃត្រង់។ គីមលីបានជជែកសំណេះសំណាលជាមួយគាត់ ហើយប៉ុន្មានខែក្រោយមក គីមលីបានចូលធ្វើការជាអ្នកគ្រប់គ្រងធនធានមនុស្ស និងគ្រូសមាធិ នៅអង្គការក្រមាយោគៈ។ នៅទីនោះ លោកបានទទួលការបណ្ដុះបណ្ដាលផ្នែកយោគៈពីគ្រូដែលមានជំនាញជាច្រើនរូបទាំងក្នុងនិងក្រៅស្រុក។ ក្រោយមក លោកបានទទួលអាហារូបករណ៍ទៅហ្វឹកហាត់ថ្នាក់Ashtangaនៅប្រទេសថៃ ក្នុងឆ្នាំ២០១២។ ក្នុងឆ្នាំ២០១៣ លោកបានហ្វឹកហាត់អំពីយោហ្គាសម្រាប់កុមារពី Amanda, Newzeland។ លើពីនេះ លោកបានសិក្សាពីយោគៈជាមួយនឹងគ្រូបរទេសគឺលោកហាត ឡេហ្សឺ (Hart Lazer) ដែលមកពីប្រទេសកាណាដា។

គីមលី ជាគ្រូយោគៈជំនាញម្នាក់។ គាត់បង្រៀនថ្នាក់យោគៈគ្រប់កម្រិត ដូចជាថ្នាក់ដំបូង មធ្យម កម្រិតខ្ពស់ យោហ្គាលក្ខណៈគ្រួសារ សម្រាប់កុមារ មនុស្សចាស់ជាដើម។ លោកក៏ជាគ្រូបង្រៀនថ្នាក់ទស្សនវិជ្ជាព្រះពុទ្ធនិងសមាធិ នៅតាមសាលាយោគៈផងដែរ។


តួនាទី៖

លោក សេង សិលា បានចាប់ផ្ដើមជាសិស្ស ក្នុងថ្នាក់គុនដាលីនីយោគៈនិងសមាធិ នៅ​សាលាអាស៊ីសា (Aziza School)។ ដោយសារតែការស្រឡាញ់ពេញចិត្តលំហាត់ប្រាណ និងវិធីសាស្ដ្រក្នុងការប្រើប្រាស់ដង្ហើម សិលាបានចាប់ផ្តើមបង្រៀននូវអ្វីដែលរៀនចេះ យកទៅចែករំលែកនិងបង្រៀនបន្តនៅក្នុងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដែលជាកម្មវិធីរៀបចំដោយសាលាអាស៊ីសាជារៀងរាល់សប្តាហ៍។ មិនយូរប៉ុន្មាន លោកបានក្លាយទៅជាជំនួយការ និងអ្នកបកប្រែនៅសាលាអាស៊ីសា។ ដោយសារតែលោកអាចបង្ហាត់បង្រៀនបច្ចេកទេសយោគៈត្រឹមត្រូវតាមក្បួនខ្នាត និងយល់ដឹងពីគុណប្រយោជន៍របស់យោគៈ ដែលនេះគឺជាមូលហេតុចំបងជម្រុញឲ្យសិលាចាប់ផ្តើមវគ្គបណ្តុះបណ្តាលគ្រូយោគៈបឋម។ លើសពីនេះទៅទៀត លោកបានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូយោគៈកម្រិត១របស់អន្តរជាតិ។